news
programs
general_class
university_class
schollership
HSK_HSKK
general_schollership
videos
documents
 
 
 
 
  វគ្គសិក្សាថ្មីភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា(រាជធានីភ្នំពេញ) ចាប់ផ្តើមពីថ្ងៃទី ១៤ កញ្ញា ២០១៥

ពិធីផ្សព្វផ្សាយសៀវភៅរបស់ថ្នាក់ដឹកនាំប្រទេសចិន
 

   នៅរាជបណ្ឌិត្យសភាកម្ពុជានារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅរបស់ថ្នាក់ដឹកនាំប្រទេសចិន។ ថ្លែងទៅកាន់ព្រះសង្ឃនិងអ្នកចូលរួមដែលអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការពារជាតិ រាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងវិទ្យាស្ថានទ័ពជើងគោកសរុបជាង២០០រូប លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ជាសច្ចភាពដែលយើងមិនអាចបដិសេធបានគឺសង្គមមួយដែលមនុស្សភាគច្រើនចូលចិត្តអាន និងមានសៀវភៅជាប់នឹងដៃ គឺជាកតា្តគន្លឹះនិងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការកសាងសេដ្ឋកិច្ចប្រទេសដោយពឹងផ្អែកលើចំណេះដឹង។ នាសតវត្សទី២១នេះ យើងមិនអាចមើលរំលងនូវការសិក្សាភាសាចិនបានឡើយ ព្រោះប្រទេសចិនជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់មួយក្នុងពិភពលោក ហើយក៏ជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោកផងដែរ។ ហេតុនេះ ការសិក្សាស្វែងយល់អំពីភាសា វប្បធម៌ និងការរីកចម្រើនខាងវិទ្យាសាស្រ្តរបស់ប្រទេសចិន គឺជាកិច្ចការចាំបាច់និងមានសារសំខាន់មួយដែលពិភពលោក ពិសេសប្រទេសក្នុងតំបន់ត្រូវយកចិត្តទុកដាក់។ លោកជំទាវប្រធានក៏បានលើកយកគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មកបញ្ជាក់ផងដែរថា ការសិក្សាស្រាវជ្រាវគឺជាដំណើរការមួយដែលមិនចេះចប់និងទាមទារការដុះខាត់និងធ្វើវិក្រឹតការជាប្រចាំនូវចំណេះដឹងនិងចំណេះធ្វើរបស់ខ្លួនម្នាក់ៗ ដើម្បីតាមឱ្យទាន់នូវការវិវត្តនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដែលកាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ លោក លី ខៃសឹង (LI KAISHENG) អនុប្រធានគ្រឹះស្ថានបោះពុម្ពផ្សាយសម្រាប់ការយល់ដឹងពិភពលោក (New World Press) ក្រុងប៉េកាំងដែលបានចុះហត្ថលេខាផ្តល់សិទ្ធិជូនឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងការបកប្រែសៀវភៅរបស់ថ្នាក់ដឹកនាំប្រទេសចិនជាភាសាខ្មែរបានបញ្ជាក់ថា សៀវភៅដែលប្រគល់មករាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃនេះមានចំនួន០៣មុខជាភាសាខ្មែរនិងភាសាចិន។ លើសពីនេះ តាងនាមឱ្យថ្នាក់ដឹកនាំខេត្តអានហួយដែលដឹកនាំលោក វ៉ាន់ អ៊ីសៀ (Wan Yixue) ប្រធានមន្ទីរទេសចរណ៍ខេត្តអានហួយបានបញ្ជាក់ជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការបន្តគាំទ្រជាប់ជានិច្ចនូវបេសកកម្ម ការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា និងការងាររបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងមនោសញ្ចេតនាដឹងគុណចំពោះថ្នាក់ដឹកនាំខេត្តអានហួយ និងគ្រឹះស្ថានបោះពុម្ពផ្សាយសម្រាប់ការយល់ដឹងពិភពលោក ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា សៀវភៅដែលគ្រឹះស្ថានបោះពុម្ពផ្សាយសម្រាប់ការយល់ដឹងពិភពលោកប្រគល់ជូននៅពេលនេះ គឺជាប្រភពឯកសារដ៏មានតម្លៃបន្ថែមទៀតដល់អ្នកសិក្សាស្រាវជ្រាវពីគ្រប់មជ្ឃដ្ឋានក្នុងការជីកកកាយនូវធនធានបញ្ញា និងពុទ្ធិថ្មីៗពីសាធារណរដ្ឋប្រជាមានិតចិន ហើយនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងមន្រ្តីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជានិយាយរួម វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានិយាយដោយឡែក សូមស្វាគមន៍យ៉ាងរីករាយចំពោះអ្នកសិក្សាស្រាវជ្រាវ សិស្ស-និស្សិតពីគ្រប់មជ្ឃដ្ឋានក្នុងការសិក្សាស្រាវជ្រាវពីរបកគំហើញវិទ្យាសាស្រ្តថ្មីៗរបស់សាធារណរដ្ឋប្រជាមានិតចិន។ គួរបញ្ជាក់ថាកម្មវិធីនេះបានផ្សព្វផ្សាយសៀវភៅថ្នាក់ដឹកនាំប្រទេសចិនចំនួន០៣ក្បាលគឺ១-ហេតុអ្វីបានជាបក្សកុំម្មុយនិស្តចិនអាច? បានបង្ហាញពីប្រទេសចិនដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិកនៅរដ្ឋធានីប៉េកាំង និងបានរៀបចំការតាំងពិពរណ៍ពិភពលោកនៅក្រុងសៀងហៃ ព្រមទាំងវេទិកាពិភាក្សាសម្រាប់កិច្ចការនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្រ្តជាច្រើនទៀតនៅក្នុងពេលដែលពិភពលោកកំពុងមានការព្រួយ បារម្មណ៍ពីភេវរកម្ម។ សមិទ្ធផលរបស់បក្សកុំមុយនីស្តចិនទាំងនេះមិនមែនជារឿងចៃដន្យនោះទេ តែជាការលើកទិសដៅនិងការអនុវត្តប្រកបដោយប្រសិទ្ធភាព ទើបរយៈពេលជាង៦០ឆ្នាំនៃការកាន់ អំណាចនេះ ប្រទេសចិនមានការរីកចម្រើនយ៉ាងខ្លាំង។ សៀវភៅនេះ បានផ្តល់ពន្លឺដល់អ្នកអានទាំងក្នុង និងក្រៅប្រទេស ក្នុងការកត់សម្គាល់លើ បញ្ហាជាច្រើនចំណុចនៃជ្រុងរបស់ប្រវត្តិសាស្ត្រ ដោយបានរួមផ្សំជាមួយនឹងការពិចារណាយ៉ាងស៊ីជម្រៅ និងធ្វើការបកស្រាយដោយត្រឹមត្រូវ។ សៀវភៅនេះបានបញ្ចូលរឿងនិទាន និងផ្តល់នូវគតិបណ្ឌិតក្នុងការត្រិះរិះពិចារណា។ សៀវភៅទី២មានចំណងជើងថា បក្សកុម្មុយនិស្តចិនគ្រប់គ្រងប្រទេសដោយរបៀបណា? ដែលចំណុចសំខាន់នៃសៀវភៅនេះ គឺពណ៌នានិងវិភាគលើប្រព័ន្ឋ និងយុទ្ឋសាស្ត្រមូលដ្ឋានដែលបក្សកុំម្មុយនិស្តចិនបានកាន់អំណាចជាង៦០ឆ្នាំមក បូករួមនឹងការកាន់តំណែងនិងនីតិវិធីនៃកាន់អំណាច តាមប្រព័ន្ឋសភាប្រជាជន ប្រព័ន្ឋរដ្ឋាភិបាលមជ្ឈឹមនិងមូលដ្ឋាន ប្រព័ន្ឋបក្សនយោបាយ និង សន្និបាត ពិគ្រោះយោបល់ប្រជាជនចិន ប្រព័ន្ឋស្វ័យភាពជាតិប្រចាំតំបន់ ប្រព័ន្ឋស្វ័យភាពមូលដ្ឋានមហាជន ប្រព័ន្ឋច្បាប់សង្គមនិយមរបស់ប្រទេសចិន ប្រព័ន្ឋតំបន់ពិសេស គំនិតជាមូលដ្ឋាន និងវិធីសាស្រ្តប្រព័ន្ឋ គ្រប់គ្រងកម្មាភិបាល និងសេដ្ឋកិច្ច វប្បធម៌ សង្គមជាដើម ព្រមទាំងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ។ សៀវភៅទី៣មានចំណងជើងថាបក្សកុំម្មុយនិស្តចិនទប់ទល់នឹងបញ្ហាប្រឈមដោយរបៀបណា? ដែលសៀវភៅនេះយោងតាមស្មារតីមហាសន្និបាតពេញអង្គលើកទី៣របស់គណៈកម្មាធិការកណ្តាលអាណត្តិទី១៨ បានពណ៌នាអំពីបញ្ហាប្រឈមលើ៨ផ្នែករបស់បក្សកុំមុយនីស្តចិន។

 
 
         

សមិទ្ធផលការងារ
         

អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប, ខណ្ឌពោធិសែនជ័យ, រាជធានីភ្នំពេញ ទូរស័ព្ទៈ 015 296 938 (ភាសាខ្មែរ) / 010 546 327 (ភាសាចិន) / 066 252 565 (ព័ត៌មានផ្សេងៗ)
សារអេឡិចត្រូនិកៈ info@cirac.edu.kh / cheamunyrith@cirac.edu.kh   បណ្តាញសង្គមៈ www.facebook.com/confucius cambodia
©2010 រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំដោយ លោក ភិន ណារ៉េត