news
programs
general_class
university_class
schollership
HSK_HSKK
general_schollership
videos
documents
 
 
 
 
  វគ្គសិក្សាថ្មីភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា(រាជធានីភ្នំពេញ) ចាប់ផ្តើមពីថ្ងៃទី ១៤ កញ្ញា ២០១៥

សិស្សវិទ្យាល័យអង្គរស្វែងយល់ពីពិធីចូលឆ្នាំ វក
 

   នៅវិទ្យាល័យអង្គរនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីយល់ដឹងពីពិធីចូលឆ្នាំចិនដោយរួមមានទាំងបទបង្ហាញ ការសម្តែងសិល្បៈ ការពិសារម្ហូបអាហារ និងការលេងល្បែងកំសាន្តនានាតាមបែបប្រពៃណីជនជាតិចិន។ ថ្លែងទៅកាន់សិស្សដែលចូលរួមប្រមាណជាង២០០នាក់ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា ចាប់ពីដើមសតវត្សរ៍ទី៩ រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី១៥ អង្គរគឺរាជធានី និងជាឈ្មោះប្រទេសដែលប្រជាពលរដ្ឋកម្ពុជាបានប្រើដើម្បីបញ្ជាក់ពីឥស្សរភាព ឧត្តមភាព កិត្យានុភាព និងអរិយធម៌ដ៏ល្បីល្បាញរបស់ខ្លួនដល់ពិភពលោក។ ចក្រភពអង្គរគឺជាយុគមាសនៃការផ្សព្វផ្សាយពីវប្បធម៌ដ៏ថ្កើងថ្កានរបស់កម្ពុជាដល់ទ្វីបអាស៊ី និយាយដោយឡែក ដល់ពិភពលោកនិយាយរួម។ ភាពល្បីល្បាញនេះបានទាក់ទាញដល់អ្នកសិក្សាស្រាវជ្រាវជនជាតិបរទេសជាច្រើនមកកម្ពុជាដែលក្នុងនោះក៏មានជនជាតិចិនមួយរូបឈ្មោះ ជីវតាក្វាន់ ដែលជាបេសកជនការទូត និងជាអ្នកសិក្សាស្រាវជ្រាវ បានមកដល់អង្គរនាឆ្នាំ១២៩៦ ហើយបានកត់ត្រានូវទិដ្ឋភាពនិងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនាសម័យនោះ។ កំណត់ត្រានេះបានក្លាយជាឯកសារយោងដ៏សំខាន់សម្រាប់អ្នកដែលស្វែងយល់ពីកម្ពុជា ហើយក៏ជាមូលដ្ឋាននៅក្នុងការបញ្ជាក់ពីទំនាក់ទំនងរវាងកម្ពុជានិងចិនផងដែរ។ ក្នុងការរាប់អានមិត្តភក្តិចិនដែលមានតាំងពីបុរាណកាលមក ប្រជាពលរដ្ឋកម្ពុជាក៏បានសិក្សាស្វែងយល់ពីភាសា ជីវភាពរស់នៅ និងវប្បធម៌របស់ជនជាតិចិនផងដែរ។ ដោយឡែក បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន បានក្លាយជាមិត្តយុទ្ធសាស្រ្តនិងគ្រប់ជ្រុងជ្រោយ ដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងនិងពង្រីកការយល់ដឹងពីវប្បធម៌និងការយោគយល់គ្នាទៅវិញទៅមក។ ការរៀបចំកម្មវិធីចូលឆ្នាំនាថ្ងៃនេះ ដើម្បីចែករំលែកការយល់ដឹងពីវប្បធម៌ចិនដល់សិស្សានុសិស្សដែលបាននិងកំពុងសិក្សាភាសាចិននៅក្នុងវិទ្យាល័យអង្គរ ហើយក៏ជាការរួមចំណែកក្នុងការពង្រឹងនិងពង្រីកចំណងទាក់ទងនិងការចូលរួមភាពរីករាយជាមួយគ្រូបង្រៀនជនជាតិចិន។ លោក រិន ឡូត នាយកវិទ្យាល័យអង្គរបានបង្ហាញនូវអារម្មណ៍រីករាយក្នុងការរៀបចំពិធីនេះដោយបានបញ្ជាក់ថា ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សរបស់វិទ្យាល័យអង្គរជានិច្ចកាលតែងជួយគាំទ្រដល់បេសកកម្មការងាររបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយការចូលរួមពិធីនេះក៏ជាការលើកទឹកចិត្តនិងលួងលោមចិត្តដល់គ្រូបង្រៀនជនជាតិចិនដែលមកចូលរួមចំណែក អភិវឌ្ឍធនធានមនុស្សនៅក្នុងវិទ្យាល័យអង្គរ ហើយមិនមានឱកាសទៅចូលរួមភាពរីករាយក្នុងមាតុភូមិ។ លើសពីនេះ ពិធីនេះក៏បានរឹតចំណងមិត្តភាពរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរឱ្យកាន់តែស្អិតរមួត ហើយក៏ជាការបង្កើននូវការយល់ដឹងពីវប្បធម៌របស់មិត្តភក្តិ ដូចដែលគ្រូបង្រៀនជនជាតិចិនបាននិងកំពុងសិក្សាភាសាខ្មែរ និងបានចូលរួមយល់ដឹងពីវប្បធម៌ខ្មែរ តាមរយៈពិធីបុណ្យជាតិ ពិធីបុណ្យតាមខេត្ត និងតាមតំបន់នានាទៀតផង។ គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានបើកដំណើរការថ្នាក់រៀនភាសាចិនរបស់ខ្លួននៅក្នុងទឹកដីខេត្តសៀមរាបនេះចាប់តាំងពីឆ្នាំ២០១២មក ហើយបានផ្តល់អាហារូបករណ៍ដល់គ្រូបង្រៀន មន្ត្រីរាជការ បុគ្គលិកសិក្សា សិស្ស និស្សិតក្នុងខេត្តសៀមរាបរាប់រយនាក់ទៅបំពេញទស្សនកិច្ចនិងទៅបន្តការសិក្សានៅប្រទេសចិន។ លើសពីនេះ វិទ្យាស្ថានគឺជាស្ពានទំនាក់ទំនងយ៉ាងល្អ ប្រសើរក្នុងការតភ្ជាប់ខេត្តសៀមរាបជាមួយនិងខេត្តមួយចំនួនរបស់ប្រទេសចិនទៀតផង ហើយវិទ្យាស្ថានចូលរួមជាមួយថ្នាក់ដឹកនាំខេត្តសៀមរាបក្នុងការទាក់ទាញទេសចរជនជាតិចិនកាន់តែច្រើនមកទស្សនាខេត្តសៀមរាប។

 
 
         

សមិទ្ធផលការងារ
         

អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប, ខណ្ឌពោធិសែនជ័យ, រាជធានីភ្នំពេញ ទូរស័ព្ទៈ 015 296 938 (ភាសាខ្មែរ) / 010 546 327 (ភាសាចិន) / 066 252 565 (ព័ត៌មានផ្សេងៗ)
សារអេឡិចត្រូនិកៈ info@cirac.edu.kh / cheamunyrith@cirac.edu.kh   បណ្តាញសង្គមៈ www.facebook.com/confucius cambodia
©2010 រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំដោយ លោក ភិន ណារ៉េត